ប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងអគារអង្គរមានជ័យ ដែលជាអគារចំណាស់មានអាយុជិត ១០០ ឆ្នាំ បានយល់ព្រមទទួលយកដំណោះស្រាយគោលនយោបាយចាកចេញដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានបង្ហោះនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការជួបពិភាក្សារវាងមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ជាមួយប្រជាពលរដ្ឋរស់នៅអគារអង្គរមានជ័យ លោក សាយ សំអាល់ បានបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនថា ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ ពួកគាត់បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារនេះដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ។ អគារអង្គរមានជ័យស្ថិតនៅកែងមហាវិថីព្រះមុនីវង្សនិងមហាវិថីកម្ពុជាក្រោម ជាអគារចំណាស់ដែលត្រូវបានសាងសង់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០។ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអគារអង្គរមានជ័យនេះផងដែរ ដោយបានបញ្ជាក់ថា អគារអង្គរមានជ័យនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយសារតែសំណង់ខ្វះការថែទាំនិងជួសជុលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសអស់រយៈពេលជាយូរឆ្នាំមកហើយ ដែលជាហេតុធ្វើឱ្យអគារទាំងមូលទទួលរងនូវការខូចខាត ប្រេះស្រាំ និង បាក់បែកជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់មានសភាពពុកផុយខូចអស់ប្រមាណ ៥០%ទៅហើយ ដែលស្ថានភាពនេះអាចបណ្ដាលឱ្យរលំបាក់ស្រុតនៅពេលណាមួយ។ អគារអង្គរមានជ័យនិងស្ថានភាពទ្រុឌទ្រោមនៃអគារនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មទាំងអស់ដែលកំពុងស្នាក់នៅលើអគារសហកម្មសិទ្ធិអង្គរមានជ័យនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើត្រូវការជួសជុលត្រូវស្វែងរកក្រុមហ៊ុនឬវិស្វករដែលមានជំនាញច្បាស់លាស់ ហើយករណីទ្រុឌទ្រោមខ្លាំងមិនអាចជួសជុលបាន ត្រូវធ្វើការផ្លាស់ប្ដូរទៅលំនៅឋានថ្មីដែលមានសុវត្ថិភាព៕ |